សមាជិកភាព & ការដាក់វិន័យ
តើក្រុមជំនុំគួរអនុវត្តការប្រដៅទូន្មាននៅពេលណា?
សម្រាប់ការឆ្លើយទៅកាន់សំណួរមួយនេះ គឺអាស្រ័យលើថា តើយើងកំពុងតែនិយាយអំពីអ្វីដែលលោក ភារម្យ បានហៅថា ការប្រដៅទូន្មានក្រុមជំនុំជាផ្លូវការ ឬការប្រដៅទូន្មានក្រុមជំនុំក្រៅផ្លូវការ។ ការប្រដៅទូន្មានក្រុមជំនុំក្រៅផ្លូវការ គឺទាក់ទងនឹងការប្រឈមមុខជាលក្ខណៈឯកជន ចំណែកឯការប្រដៅទូន្មានក្រុមជំនុំជាផ្លូវការ គឺទាក់ទងនឹងដំណើរជាទូទៅរបស់ក្រុមជំនុំ។
១. ក្រៅផ្លូវការ៖ ជាអំពើបាបណាមួយ ទោះបីអំពើបាបនោះធ្ងន់ធ្ងរ ឬមិនធ្ងន់ធ្ងរក៏ដោយ វាអាចនាំឲ្យមានការបន្ទោសជាលក្ខណៈឯកជន រវាងបង ឬប្អូនពីរនាក់នៅក្នុងសេចក្តីជំនឿ។ នោះមិនមែនមានន័យថា យើងគួរតែបន្ទោសរាល់ទាំងអំពើបាបណា ដែលសមាជិកក្រុមជំនុំរបស់យើងបានធ្វើនោះទេ។ យើងគ្រាន់តែនិយាយយ៉ាងសាមញ្ញថា រាល់អំពើបាបមិនថាតូចប៉ុណ្ណានោះទេ វាបានធ្លាក់ចូលទៅក្នុងរបៀបដែលគ្រីស្ទបរិស័ទពីរនាក់អាចនិយាយគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់ក្នុងលក្ខណៈឯកជន និងដោយមានការប្រុងប្រយ័ត្ន។
២. ផ្លូវការ៖ របៀបមួយក្នុងការសង្ខេបព័ត៌មាននៅក្នុងព្រះគម្ពីរដែលត្រូវបានលើកឡើងថា ការប្រដៅទូន្មានក្រុមជំនុំជាផ្លូវការ គឺត្រូវការទាមទារនៅក្នុងករណីដែលបង្ហាញឲ្យឃើញតាមរយៈ សកម្មភាពខាងក្រៅ អំពើបាបដែលធ្ងន់ធ្ងរ និងអំពើបាបដែលមិនមានការប្រែចិត្ត។
- អំពើបាបត្រូវតែមានការបង្ហាញឲ្យឃើញតាមរយៈសកម្មភាពខាងក្រៅ។ វាត្រូវតែជាអ្វីមួយដែលយើងអាចមើលឃើញដោយភ្នែក ឬអាចស្តាប់ឮដោយត្រចៀក។ ក្រុមជំនុំមិនគួរឆាប់បោះបង់ចោលការព្រមានណាមួយលឿនពេក រាល់ពេលដែលសមាជិកក្រុមជំនុំណាម្នាក់ត្រូវបានសង្ស័យថា មានសេចក្តីលោភលន់ ឬមានអំនួតនៅក្នុងចិត្តនោះឡើយ។ វាមិនមែនមានន័យថា អំពើបាបនៅក្នុងចិត្តនោះមិនធ្ងន់ធ្ងរនោះទេ។ ព្រះអម្ចាស់ជ្រាបថា យើងមិនអាចមើលឃើញចិត្តគ្នាទៅវិញទៅមកបាននោះទេ ប៉ុន្តែបញ្ហានៅក្នុងចិត្តនោះ គឺពិតប្រាកដថា នៅទីបំផុតនឹងលេចចេញមកជារូបរាង (១សាំយូអែល ១៦:៧; ម៉ាថាយ ៧:១៧; ម៉ាកុស ៧:២១)។
- ចំណុចទី២៖ ត្រូវចាត់ទុកអំពើបាបថា វាត្រូវតែធ្ងន់ធ្ងរ។ ការបន្តស្វែងរករាល់អំពើបាបបន្តិចបន្តួចនៅក្នុងជីវិតរបស់ក្រុមជំនុំ ប្រហែលបង្កឲ្យមានភាពច្របូកច្របល់ ហើយជំរុញឲ្យក្រុមជំនុំឆ្ពោះទៅរកការដោះស្រាយខាងផ្លូវច្បាប់។ ត្រូវតែមានកន្លែងសម្រាប់សេចក្តីស្រឡាញ់ឲ្យអស់ពីចិត្ត ដើម្បី «គ្របបាំងអំពើបាបជាអនេកអនន្ត» ក្នុងជីវិតរបស់ក្រុមជំនុំ (១ពេត្រុស ៤:៨)។ មិនមែនរាល់អំពើបាប ត្រូវតែមានការដេញដោលរហូតដល់ទីបញ្ចប់នោះឡើយ។ ពិតជាអរព្រះគុណដល់ព្រះ ដែលទ្រង់មិនធ្វើដូចនេះជាមួយយើងរាល់គ្នា។
- ចំណុចចុងក្រោយ៖ កាប្រដៅទូន្មានក្រុមជំនុំជាផ្លូវការ គឺជាសកម្មភាពមួយដ៏សមស្រប នៅពេលដែលមានអំពើបាបដែលមិនមានការប្រែចិត្ត។ ដោយយោងតាមព្រះគម្ពីរ បុគ្គលនៅក្នុងក្រុមជំនុំម្នាក់ៗដែលជាប់ពាក់ព័ន្ធនឹងអំពើបាបធ្ងន់ធ្ងរ ត្រូវប្រឈមមុខនឹងបទបញ្ញត្តិរបស់ព្រះដោយផ្ទាល់ ប្រសិនបើគាត់មិនព្រមលះបង់ចោលអំពើបាបនោះទេ។ តាមរយៈការបង្ហាញចេញមក បុគ្គលម្នាក់នោះ បានផ្តល់តម្លៃដល់អំពើបាបខ្លាំងជាងការដែលគាត់ផ្តល់តម្លៃទៅដល់ព្រះយេស៊ូវ។ ការលើកលែងមានតែមួយគត់ចំពោះរឿងនេះ គឺនៅពេលមានសមាជិកដែលមានអំពើបាបធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការចោទសួរភ្លាមៗអំពីសុពលភាពនៃការប្រកាសអំពីជំនឿរបស់គាត់ ចំពោះព្រះគ្រីស្ទ (ឧទាហរណ៍អំពីរឿងនេះ សូមមើលនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៥)។
ឯកសារនេះត្រូវបានកែសម្រួលពីអត្ថបទរបស់លោក យ៉ូណាថាន លឺម៉ាន់ នៅក្នុងសៀវភៅ «កម្រិតដំបូងពីការដាក់វិន័យក្នុងក្រុមជំនុំ»។
និពន្ធដោយ៖ Jonathan Leeman
បកប្រែដោយ៖ លោក ង៉ែត វិទូ
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោកស្រី ឡូញ ស្រីរដ្ឋ និងលោក ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពីសៀវភៅ «កម្រិតដំបូងពីការដាក់វិន័យក្នុងក្រុមជំនុំ» ដោយមានការអនុញ្ញាត។