អំពី 9Marks

បេសកកម្ម

ព័ន្ធកិច្ច 9Marks គឺដើម្បីជួយអ្នកដឹកនាំក្រុមជំនុំឲ្យមានចក្ខុវិស័យព្រះគម្ពីរ និងធនធានជាក់ស្តែងសម្រាប់បង្ហាញសិរីល្អរបស់ព្រះដល់ប្រជាជាតិនានា តាមរយៈព្រះវិហារដែលមានសុខភាពល្អ។

ប្រវត្តិសាស្រ្ត

អង្គការនេះមានការចាប់ផ្ដើមចេញពីលោកគ្រូគង្វាល Mark Dever និងលោកគ្រូគង្វាល Matt Schmucker នៅឯវិហារ Capitol Hill Baptist ក្នុងទីក្រុង Washington, DC ។ ក្រុមជំនុំនេះបានធ្លាក់ចុះអស់ជាច្រើនទសវត្សរ៍ នៅពេលដែលលោក Mark Dever (ដែលជាគ្រូគង្វាល) និងលោក Matt (ដែលជាអ្នកគ្រប់គ្រង/អ្នកចាស់ទុំ) បានចាប់ផ្តើមធ្វើកំណែទម្រង់នៅដើមទសវត្សរ៍ឆ្នាំ 1990។ អ្នកទាំងពីរនោះមិនបានធ្វើតាមប្រាជ្ញាសាមញ្ញនៃអក្សរសិល្ប៍សម្រាប់ការរីកចម្រើនក្នុងក្រុមជំនុំទេ—ធ្វើការស្ទង់មតិ បង្កើតកម្មវិធីថ្មី ឬបណ្តុះវប្បធម៌ត្រឹមត្រូវ។ ពួកគេគ្រាន់តែបានបើកព្រះគម្ពីររបស់ខ្លួនប៉ុណ្ណោះ។ លោក Mark ​បាន​អធិប្បាយ ហើយ​បុរស​ទាំងពីរ​នាក់​បាន​ធ្វើ​ការ​រៀបចំ​ព្រះវិហារ​តាម​ព្រះបន្ទូល។

សៀវភៅ

តាមការបំផុសគំនិតរបស់លោក Matt នោះលោក Mark ក៏បានសរសេរកូនសៀវភៅដែលបានបោះពុម្ពដោយខ្លួនឯងដែលមានចំណងជើងថា “9 Marks of a Healthy Church”។ ជាច្រើនឆ្នាំក្រោយមករោងពុម្ព Crossway បានបោះពុម្ពជាសៀវភៅដែលផ្សាយ  Nine Marks of a Healthy Church ។ នៅពេលដែលគ្រូគង្វាលច្រើននាក់ទៀតបានឃើញថា ការសន្ទនាដែលចាប់ផ្តើមដោយលោក Mark និងលោក Matt មានប្រយោជន៍ នោះពួកគាត់ក៏បានបង្កើតអង្គការមួយនៅចុងទសវត្សរ៍ទី ៩០ ដែលបានកើនឡើងបន្តិចម្តងៗ តាំងពីពេលនោះមក។

អង្គការ

ក្រុម 9Marks ជឿថាក្រុមជំនុំតាមតំបន់គឺជាចំណុចសំខាន់នៃផែនការរបស់ព្រះជាម្ចាស់ សម្រាប់បង្ហាញសិរីល្អរបស់ទ្រង់ដល់ប្រជាជាតិនានា ហើយថាព្រះគម្ពីរគឺគ្រប់គ្រាន់សម្រាប់ជីវិតនៃក្រុមជំនុំ។ ដូច្នេះ ក្នុងនាម​ជា​អង្គការ​មួយ យើង​ផ្តោត​លើ​ព្រះវិហារ ផ្តោតលើ​ព្រះគម្ពីរ និង​ផ្តោតលើ​គ្រូគង្វាល។ យើងផ្តល់តម្លៃដល់ភាពសម្បូរបែបនៃសំឡេង និងរចនាប័ទ្ម ក៏ដូចជាភាពជាដៃគូដែលមានគំនិតដូចៗគ្នា។ យើងសង្ឃឹមថាយើងនឹងបន្តបង្កើនចំណេះដឹងរបស់យើងអំពីព្រះបន្ទូលរបស់ព្រះ និងការអនុវត្តន៍តាមព្រះបន្ទូលនោះចំពោះក្រុមជំនុំតាមតំបន់។ ហើយយើងមានបំណងផ្សព្វផ្សាយសាររបស់យើងតាមរយៈកន្លែង វេទិកា និងស្ថាប័នដែលមានស្រាប់ មិនមែនបង្កើតមាតិកាថ្មីនោះទេ។

សញ្ញសម្គាល់ប្រាំបួនគឺ៖ (១) សេចក្ដី​អធិប្បាយ​តាម​អត្ថន័យ​ព្រះ​គម្ពីរ (២) គោលលទ្ធិនៃដំណឹងល្អ (3) ការយល់ដឹងអំពីការផ្លាស់ប្រែចិត្ត និងការប្រកាសដំណឹងល្អតាមព្រះគម្ពីរ (៤) សមាជិកភាពនៃក្រុមជំនុំតាមព្រះគម្ពីរ (៥) ការដាក់វិន័យក្នុងក្រុមជំនុំតាមព្រះគម្ពីរ (៦) ការយកចិត្តទុកដាក់តាមព្រះគម្ពីរសម្រាប់ភាពជាសិស្ស និង ការលូតលាស់ (៧) ភាពជាអ្នកដឹកនាំក្រុមជំនុំតាមព្រះគម្ពីរ (៨) ការយល់ដឹងអំពីព្រះគម្ពីរអំពីការអនុវត្តការអធិស្ឋាន និង (៩) ការយល់ដឹងអំពីព្រះគម្ពីរ និងការអនុវត្តការធ្វើបេសកកម្ម។ ទាំង​នេះ​មិន​មែន​ជា​ចំណុចតែ​មួយ​គត់​ដែល​ចាំបាច់​សម្រាប់​ការ​កសាង​ក្រុមជំនុំ​ដែល​មាន​សុខភាព​ល្អ​នោះ​ទេ។ សព្វ​ថ្ងៃ មានការ​ប្រតិបត្តិ​ចំនួន​ប្រាំបួនយ៉ាង​ដែល​ក្រុមជំនុំ​​ជា​ច្រើន​មើល​រំលង​ ហើយ​យើងត្រូវ​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត។

១ សេចក្ដី​អធិប្បាយ​តាម​អត្ថន័យ​ព្រះ​គម្ពីរ

តើវាជាអ្វី?
សេចក្ដី​អធិប្បាយ​តាម​អត្ថន័យ​ព្រះ​គម្ពីរគឺជាការឲ្យចំណុចសំខាន់នៃបទគម្ពីរជាចំណុចសំខាន់នៃការអធិប្បាយ ហើយបន្ទាប់មកយកមកអនុវត្តនៅក្នុងជីវិតនៃក្រុមជំនុំ។

តើ​វា​នៅ​ឯ​ណា​ក្នុង​គម្ពីរ?
យោង​តាម​ព្រះគម្ពីរ ព្រះជាម្ចាស់​បានសម្រេច​ព្រះហឫទ័យរបស់​ទ្រង់​តាមរយៈ​ការ​មានបន្ទូលទៅកាន់​ប្រជាជន​របស់​ទ្រង់ (សូមមើល លោកុប្បត្តិ ១:៣, អេសាយ ៥៥:១០-១១, កិច្ចការ ១២:២៤)។ នេះ​មាន​ន័យ​ថា ដើម្បី​ឲ្យ​សេចក្ដី​អធិប្បាយ​មានការពោរពេញ​ដោយ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ នោះអ្នក​អធិប្បាយ​ត្រូវ​តែ​ផ្សាយ​ព្រះ​បន្ទូល​របស់​ព្រះ។
ព្រះ​គម្ពីរ​មាន​ឧទាហរណ៍​ជា​ច្រើន​អំពី​ការ​អធិប្បាយ ​និង​ការ​បង្រៀន​ដែល​បង្ហាញ​អំពី​ការ​ពន្យល់ន័យ។ សូម​គិត​អំពី​ពួក​សង្ឃ​លេវី​ដែល​បាន​បង្រៀន​ក្រឹត្យវិន័យ (ចោទិយកថា ៣៣:១០) លោក អែសរ៉ា និង​ពួក​លេវី​ដែល​បាន​អាន​ពី​ក្រឹត្យវិន័យ ហើយ​បាន​ពន្យល់​ (នេហេមា ៨:៨) ហើយ​សាវ័ក ពេត្រុស និង​ពួកសាវ័កនានា​ដែល​បាន​ពន្យល់​ព្រះគម្ពីរ​ និង​បាន​ដាស់តឿន អ្នកស្តាប់ឲ្យឆ្លើយតបដោយការប្រែចិត្ត និងការ​មានសេចក្តីជំនឿ (កិច្ចការ ២:១៤-៤១, ១៣:១៦-៤៧)។
ម្យ៉ាងវិញទៀត ព្រះទ្រង់ថ្កោលទោសអស់អ្នកទាំងណាដែល «សំដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​ខ្លួន​គេ មិន​មែន​ជា​សេចក្ដី​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ នៃ​ព្រះ​យេហូវ៉ា​ឡើយ» (យេរេមា ២៣:១៦, ១៨, ២១-២២)។
ហេតុអ្វីបានជាវាសំខាន់?
ការអធិប្បាយតាម​អត្ថន័យ​ព្រះ​គម្ពីរមានសារៈសំខាន់ ពីព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាអ្វីដែលកាត់ទោស ផ្តល់ជីវិតថ្មី កសាង និងញែករាស្ដ្ររបស់ព្រះជាបរិសុទ្ធ (ហេព្រើរ ៤:១២; ១ពេត្រុស ១:២៣; ១ថែស្សាឡូនីច ២:១៣; យ៉ូហាន ១៧:១៧)។ អ្វី​ដែល​រាស្ដ្រ​របស់​ព្រះជាម្ចាស់​ត្រូវ​ការ​គឺមិន​មែន​ជា​ប្រាជ្ញា​របស់​គ្រូ​អធិប្បាយ​ទេ ប៉ុន្តែ​ជា​ប្រាជ្ញា​របស់​ព្រះវិញ។

២ គោលលទ្ធិនៃដំណឹងល្អ

តើវាជាអ្វី?
គោលលទ្ធិ​នៃ​ដំណឹងល្អ​ពន្យល់​ថា​ព្រះ​ជា​នរណា ថាយើង​ជា​មនុស្ស​មាន​បាប និង​អ្វី​ដែល​ព្រះ​ជាម្ចាស់បាន​ធ្វើ​ ដើម្បី​សង្គ្រោះ​អ្នក​ដែល​ប្រែចិត្ត​ចេញពី​អំពើ​បាប​របស់​ខ្លួន ហើយជឿ​ទុក​ចិត្ត​លើ​ទ្រង់។

តើ​វា​នៅ​ឯ​ណា​ក្នុង​គម្ពីរ?
ព្រះគម្ពីរបានបង្រៀនថា ព្រះជាម្ចាស់បានបង្កើតពិភពលោក ហើយថាព្រះទ្រង់បរិសុទ្ធ ស្មោះត្រង់ ស្រឡាញ់ និងមានអធិបតេយ្យភាព (លោកុប្បត្តិ ១:១; លេវីវិន័យ ២១:៨; និក្ខមនំ ៣៤:៦-៧; យ៉ូហាន ៥:២០; ១យ៉ូហាន ៤:១០, ១៩; អេសាយ ៤៥:៧-៩; អេភេសូរ ១:១១)។
ព្រះគម្ពីរក៏បានបង្រៀនថា មនុស្សត្រូវបានបង្កើតឡើងក្នុងរូបអង្គនៃព្រះ ដើម្បីឲ្យគោរពតាមបញ្ជារបស់ទ្រង់ ហើយរីករាយក្នុងការប្រកបដ៏ល្អឥតខ្ចោះជារៀងរហូត (លោកុប្បត្តិ ១:២៦-២៧, ២:១៧; ទំនុកតម្កើន ១៩:៧-៩; វិវរណៈ ២:៧)។
ទោះយ៉ាងណាក៏ដោយ ជាជាងស្តាប់បង្គាប់តាមព្រះជាម្ចាស់ ក៏មនុស្សបានធ្វើបាប ហើយសេចក្តីស្លាប់ក៏បានចូលមកក្នុងពិភពលោក ហើយអ្វីៗទាំងអស់ក៏មកស្ថិតនៅក្រោមការកាត់ទោសនៅចំពោះព្រះជាម្ចាស់ (រ៉ូម 5:12-14)។
ប៉ុន្តែ ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សមានបាប ហើយបានបញ្ជូនព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ឲ្យមករស់នៅ សុគត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីអត់ទោសអ្នកណាដែលប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ហើយជឿទុកចិត្តលើទ្រង់ (កាឡាទី ២:១៦; រ៉ូម ៥:១-២; ២កូរិនថូស ៥:២១)។
ព្រះគម្ពីរទាំងមូល និងគោលលទ្ធិទាំងអស់ក្នុងព្រះគម្ពីរចង្អុលទៅកាន់បុគ្គល និងកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទ (លូកា ២៤:៤៤-៤៧; យ៉ូហាន ៥:៣៩-៤០)។
ហេតុអ្វីបានជាវាសំខាន់?
គោលលទ្ធិ​នៃ​ដំណឹងល្អ​​សំខាន់ ដោយសារ​គ្មាន​វិធី​ណា​ផ្សេង​ទៀត​ដែលនាំឲ្យមនុស្សទទួលបាន​ការអត់ទោស​ចេញពី​អំពើបាប​របស់​ខ្លួន ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ប៉ុន្តែ​មានតែតាមរយៈ​ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ (កិច្ចការ ៤:១២)។

៣ ការផ្លាស់ប្រែចិត្ត និងការប្រកាសដំណឹងល្អ

តើវាជាអ្វី?
ការប្រែចិត្តគឺជាការផ្លាស់ប្តូរដួងចិត្តទាំងស្រុង និងជីវិតដែលព្រះជាម្ចាស់នាំមកកាន់រាស្ដ្ររបស់ទ្រង់ដោយព្រះវិញ្ញាណរបស់ទ្រង់។ ការប្រកាសដំណឹងល្អគឺជាការដែលមនុស្សម្នាក់ប្រាប់អ្នកដទៃអំពីរបៀបនៃការទទួលបានការផ្សះផ្សាជាមួយព្រះជាម្ចាស់ តាមរយៈជំនឿលើព្រះគ្រីស្ទ។ ជាញឹកញយ ការប្រកាសដំណឹងល្អគឺជាមធ្យោបាយដែលព្រះជាម្ចាស់ប្រើប្រាស់ ដើម្បីនាំឲ្យមនុស្សទទួលជឿលើទ្រង់។

តើ​វា​នៅ​ឯ​ណា​ក្នុង​គម្ពីរ?
ចេញពីក្រិត្យវិន័យ ពួកហោរា និងព្រះយេស៊ូវ និងការបង្រៀនរបស់ពួកសាវ័ក យើងរៀនបានថា មនុស្សត្រូវការបេះដូងថ្មី (ចោទិយកថា ៣១:១៤-២៣, អេសេគាល ៣:៧; ម៉ាកុស ៧:២០-២៣; រ៉ូម ៣:២៣; អេភេសូរ ២:១០)។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងផ្លាស់ប្តូរចិត្តប្រជារាស្ត្រទ្រង់ ដោយទ្រង់បញ្ជូនព្រះមេស្ស៊ី ដែលនឹងប្រោសលោះពួកគេចេញពីការបរាជ័យ និងអំពើបាបរបស់ពួកគេ (អេសាយ ៥៣:៤-៥; យេរេមា ៣១:៣៣-៣៤)។
តាមរយៈកិច្ចការរបស់ព្រះយេស៊ូវ ដែលជាព្រះមេស្ស៊ីដែលបានសន្យាថានឹងមក និងព្រះវិញ្ញាណបរិសុទ្ធនៃព្រះ នោះអស់អ្នកណាដែលព្រះត្រាស់ហៅឲ្យមកទ្រង់នឹងបានប្រែចិត្តជឿ—ពោលគឺពួកគេប្រែចិត្ត ទទួលជឿ ហើយបានសង្រ្គោះ (យ៉ូហាន ៣:៥-១៣, ៦:៣៧-៤០)។ ការប្រែចិត្តជឿនេះមិនអាចសម្រេចបាននៅក្នុងចិត្តរបស់មនុស្ស ដោយគ្មានព្រះធ្វើកិច្ចការនេះទេ (យ៉ូហាន ៦:៤៤)។
ព្រះជាម្ចាស់បាន​បង្គាប់​ឲ្យ​អស់អ្នក​​ដែល​បាន​ប្រែ​ចិត្ត​ជឿ​ ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​ដល់​ពិភព​លោកនេះ ដើម្បី​ឲ្យ​គេ​ទទួលបាន​សេចក្ដីសង្គ្រោះ​ដែរ (ម៉ាថាយ ២៨:១៩-២០; រ៉ូម ១០:១៤-១៥; ២កូរិនថូស ៥:១៩)។ នេះ​ជា​កិច្ចការ​នៃ​ការផ្សាយ​ដំណឹងល្អ ហើយ​ការផ្សាយ​ដំណឹងល្អ​គឺជា​មធ្យោបាយ​ធម្មតា​របស់​ព្រះ​ជាម្ចាស់ ដើម្បី​នាំ​ឲ្យ​មានការ​ប្រែចិត្តជឿ។
ហេតុអ្វីបានជាវាសំខាន់?
ការប្រែចិត្តជឿមានសារៈសំខាន់ ពីព្រោះយើងត្រូវបានបង្កើតឡើង ដើម្បីឲ្យស្វែងរកសេចក្តីអំណរដ៏អស្ចារ្យបំផុតក្នុងការនៅជាមួយនឹងព្រះ ហើយយើងត្រូវតែប្រែចិត្ត ដើម្បីឲ្យស្គាល់ និងនៅជាមួយទ្រង់បាន។ ការផ្សាយដំណឹងល្អមានសារៈសំខាន់ណាស់ ពីព្រោះព្រះជាម្ចាស់បានត្រាស់ហៅ និងប្រើប្រាស់យើង ដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ ដើម្បីឲ្យពួកគេបានទទួលការសង្គ្រោះដែរ។

៤ សមាជិកភាពនៃក្រុមជំនុំតាមព្រះគម្ពីរ

តើវាជាអ្វី?
យោងតាមព្រះគម្ពីរ សមាជិកភាពក្នុងក្រុមជំនុំគឺជាការប្តេជ្ញាចិត្តដែលគ្រីស្ទបរិស័ទគ្រប់រូបគួរតែចូលរួម ស្រឡាញ់ បម្រើ និងចុះចូលចំពោះក្រុមជំនុំតាម​តំបន់។

តើ​វា​នៅ​ឯ​ណា​ក្នុង​គម្ពីរ?
ពាសពេញព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់បានធ្វើឲ្យមានភាពខុសគ្នាយ៉ាងច្បាស់រវាងរាស្ដ្ររបស់ទ្រង់ និងពិភពលោកនេះ។ បន្ទាប់មក ពួកសាវ័កនៃព្រះគម្ពីរសញ្ញាថ្មីក៏​បាន​ទទូចលើភាពខុសគ្នាដូចគ្នានេះ​ដែរ (លេវីវិន័យ ១៣:៤៦; ជនគណនា ៥:៣; ចោទិយកថា ៧:៣; ២កូរិនថូស ៦:១៤-៧:១)។
ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា ការ​ចូល​ទៅ​ក្នុង​នគរ​របស់ព្រះ​គឺជាប់​ពាក់ព័ន្ធ​នឹង​ការ​ចង​ភ្ជាប់​នឹង​ក្រុម​ជំនុំ «នៅ​ផែនដី» ដែល​ជា​ក្រុមជំនុំតាម​តំបន់ (ម៉ាថាយ ១៦:១៦-១៩; ១៨:១៧-១៩)។
ក្រុមជំនុំដំបូងបានចាប់ផ្ដើមនៅថ្ងៃបុណ្យទី៥០ នៅពេលដែលមានមនុស្សបានទទួលពិធីបុណ្យជ្រមុជទឹក ហើយ «ថែម​កើន​ឡើង​ទៀត» (កិច្ចការ ២:៤១)។ បន្ទាប់​ពីពិធី​បុណ្យ​ជ្រមុជ​ទឹក ការ​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​របស់​ព្រះអម្ចាស់​ជាការ​បង្ហាញ​ថា​អ្នក​ណា​ជា​កម្មសិទ្ធិរបស់​ព្រះ​កាយ​នៃ​ព្រះ​គ្រីស្ទ (១កូរិនថូស ១០:១៧)។
កណ្ឌសំបុត្រភាគច្រើនត្រូវបានសរសេរទៅកាន់មនុស្សមួយចំនួនដែលគេស្គាល់ថា «ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្រុង​កូរិនថូស» និង «ផ្ញើ​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កាឡា​ទី»។ ទាំងនេះមិនមែនជាហ្វូងមនុស្សចៃដន្យនោះទេ ប៉ុន្តែត្រូវបានកំណត់អត្តសញ្ញាណ និងសម្គាល់អំពីក្រុមបុគ្គល ដែលនឹងកំណត់ថាជាក្រុមជំនុំទាំងនោះ។
ព្រះគម្ពីរសញ្ញាថ្មីបានសំដៅយ៉ាងជាក់លាក់ទៅលើមនុស្សមួយចំនួនថា «នៅខាងក្នុង» ក្រុមជំនុំ ហើយអ្នកផ្សេងទៀតថា «នៅខាងក្រៅ» ក្រុមជំនុំ។ ព្រះគម្ពីរក៏បានលើកឡើងអំពី «ការដក» មនុស្សចេញពីក្រុមជំនុំ និងការដាក់ទណ្ឌកម្ម ដោយមានការចូលរួមពីចំណោមមនុស្សភាគច្រើន (១កូរិនថូស ៥:២, ១២-១៣; ២កូរិនថូស ២:៦)។
ព្រះគម្ពីរសញ្ញាថ្មីក៏មានពាក្យបញ្ជា «គ្នាទៅវិញទៅមក» រាប់សិបដង ដែលបំពេញការយល់ដឹងរបស់យើងអំពីអ្វីដែលសមាជិកក្រុមជំនុំគួរតែមើលទៅដូចនោះ។
ហេតុអ្វីបានជាវាសំខាន់?
សមាជិកភាពក្នុងក្រុមជំនុំព្រះគម្ពីរគឺមានសារៈសំខាន់ ពីព្រោះតាមរយៈក្រុមជំនុំ នោះព្រះជាម្ចាស់នឹងថ្លែងទីបន្ទាល់អំពីទ្រង់ និងបង្ហាញសិរីល្អរបស់ទ្រង់ដល់ពិភពលោក។ ដូច្នេះ នៅក្នុងសមាជិកភាពនៃក្រុមជំនុំ អ្នកដែលមិនមែនជាគ្រីស្ទបរិស័ទគួរតែអាចមើលឃើញនៅក្នុងជីវិតមនុស្សដែលបានផ្លាស់ប្តូររបស់ព្រះជាម្ចាស់ថា ព្រះអង្គបរិសុទ្ធ និងមានព្រះហឫទ័យសប្បុរស ហើយថាដំណឹងល្អរបស់ទ្រង់មានព្រះចេស្ដាខ្លាំងក្នុងការសង្គ្រោះ និងផ្លាស់ប្តូរមនុស្សមានបាប។

៥ ការដាក់វិន័យក្នុងក្រុមជំនុំ

តើវាជាអ្វី?
ការដាក់វិន័យក្នុងក្រុមជំនុំ​គឺ​ជា​កិច្ចការ​កែ​តម្រូវ​អំពើ​បាប​ ក្នុង​ជីវិតអ្នក​ជឿ។
ការនេះអាចបានធ្វើឡើងដោយឯកជន និងក្រៅផ្លូវការ។ ក្នុងឱកាសដ៏កម្រមាន វាក៏អាចរួមបញ្ចូលនូវជំហានចុងក្រោយនៃការដកគ្រីស្ទបរិស័ទណាម្នាក់ចេញពីសមាជិកភាពពី​ក្រុម​ជំនុំ និងការចូលរួមក្នុងពិធីលៀងរបស់ព្រះអម្ចាស់ ដោយសារអំពើបាបដែលមិនបានប្រែចិត្តយ៉ាងធ្ងន់ធ្ងរ (សូមមើលកណ្ឌគម្ពីរ ម៉ាថាយ ១៨:១៥-២០, ១កូរិនថូស ៥:១-១៣)។
តើ​វា​នៅ​ឯ​ណា​ក្នុង​គម្ពីរ?
ព្រះគម្ពីរសញ្ញាថ្មីបានបង្គាប់ឲ្យមានការដាក់វិន័យបែបកែតម្រង់ក្នុងកណ្ឌគម្ពីរដូចជា ម៉ាថាយ ១៨:១៥-១៧, ១កូរិនថូស ៥:១-១៣​; ២កូរិនថូស ២:៦ និង ២ថែស្សឡូនីច ៣:៦-១៥។
ព្រះគម្ពីរសញ្ញាថ្មីក៏បានរៀបរាប់យ៉ាងលម្អិតផងដែរអំពីការដាក់វិន័យជាផ្លូវការ (ការខិតខំប្រឹងប្រែងរបស់យើង ដើម្បីរីកចម្រើនឡើងក្នុងភាពបរិសុទ្ធជាមួយគ្នា) នៅក្នុងខគម្ពីរជាច្រើនរាប់មិនអស់ ដែលនិយាយអំពីការស្វែងរកភាពបរិសុទ្ធ និងការកសាងគ្នាទៅវិញទៅមកនៅក្នុងសេចក្ដីជំនឿ ដូចជាកណ្ឌគម្ពីរ អេភេសូរ ៤:១១-៣១ និង ភីលីព ២:១-១៨។
ហេតុអ្វីបានជាវាសំខាន់?
ការដាក់វិន័យគឺដូចជាឈើដែលជួយឲ្យដើមឈើណាមួយដុះឡើងត្រង់ ជាកង់សាគួរនៅជាប់កង់ ឬការអនុវត្តជាច្រើនម៉ោង គ្មានទីបញ្ចប់របស់តន្ត្រីករ។ បើ​គ្មាន​ការ​ដាក់វិន័យទេ នោះយើង​ក៏នឹង​មិនអាច​រីក​ចម្រើនឡើង ​ដូច​ព្រះ​ជាម្ចាស់ចង់​ឲ្យ​យើង​​រីក​ចម្រើន​ឡើយដែរ។ ដោយ​មានការដាក់វិន័យ នោះយើង​នឹង​បង្កើត​ផល​ដោយ​​នៃ​សេចក្ដី​សុចរិត​ដោយ​ព្រះគុណ​របស់​ព្រះ (ហេព្រើរ ១២:៥-១១)។

VI ភាពជាសិស្ស

តើវាជាអ្វី?
ភាពជាសិស្ស​ក្នុង​ជីវិតជាគ្រីស្ទបរិស័ទគឺជាការរីកលូតលាស់នៅក្នុងការគោរពកោតខ្លាចព្រះជាម្ចាស់ (២ពេត្រុស ១:៧-១០)។ ការលូតលាស់កើតឡើងមិនគ្រាន់តែតាមរយៈការណែនាំប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការត្រាប់តាមផងដែរ (១កូរិនថូស ៤:១៦; ១១:១)។ ដូច្នេះ ក្រុមជំនុំគួរតែដាស់តឿនសមាជិកខ្លួនឲ្យលូតលាស់ក្នុងភាពបរិសុទ្ធ ហើយជួយអ្នកដទៃឲ្យធ្វើដូចគ្នាដែរ។

តើ​វា​នៅ​ឯ​ណា​ក្នុង​គម្ពីរ?
សាវ័ក ពេត្រុស​ បាន​ដាស់តឿន​អ្នក​អាន​របស់​គាត់​ឲ្យ​​លូត​លាស់​​ក្នុង​ព្រះគុណ និង​ចំណេះដឹង​អំពី​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​​ព្រះយេស៊ូវគ្រីស្ទ (២ពេត្រុស ៣:១៨)
សាវ័ក ប៉ុល ​បាន​ដាស់តឿន​ក្រុម​អេភេសូរ​ឲ្យ​លូតលាស់ ​ដោយ​និយាយ​សេចក្ដី​ពិត​ដោយ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក (អេភេសូរ ៤:១៥)។
មាន​ខ​គម្ពីរ​ជាច្រើននៅក្នុងព្រះគម្ពីរដែល​បានណែនាំយើងឲ្យយកតម្រាប់តាមអ្នកដឹកនាំដែលគោរពកោតខ្លាចព្រះជាម្ចាស់ (១កូរិនថូស ១១:១; ភីលីព ៤:៩; ហេព្រើរ ១៣:៧)។
ចំណុចស្នាូលនោះគឺថា យោងទៅតាមព្រះគម្ពីរ គ្រីស្ទបរិស័ទទាំងអស់គួរតែលូត​លាស់​ក្នុងព្រះគ្រីស្ទ យកតម្រាប់តាមគ្រីស្ទបរិស័ទដ៏ទៃទៀតដែលគោរពកោត​ខ្លាចព្រះ និងលើកទឹកចិត្តអ្នកដទៃឲ្យលូតលាស់ដែរក្នុងភាពដូចព្រះគ្រីស្ទ។

ហេតុអ្វីបានជាវាសំខាន់?
ការឲ្យតម្លៃភាពជាសិស្ស​តាម​ព្រះគម្ពីរ និង​ការលូត​លាស់​គឺ​សំខាន់​ណាស់ ពីព្រោះ​យើង​ទាំងអស់​មិនមែនជា​ផលិតផល​សម្រេចទេ។ រហូតដល់យើងស្លាប់ នោះគ្រីស្ទបរិស័ទទាំងអស់គ្នានឹងតយុទ្ធប្រឆាំងនឹងអំពើបាប ហើយយើងត្រូវការជំនួយក្នុងការប្រយុទ្ធនេះ។ លើសពីនេះទៅទៀត ក្រុមជំនុំដែលលើកស្ទួយវប្បធម៌នៃភាពជាសិស្សរបស់គ្រីស្ទ​បរិស័ទ​ក៏​នឹង​ពង្រឹងទីបន្ទាល់របស់ខ្លួនដោយផ្តល់ជូនពិភពលោកនូវរូបភាពនៃអ្វីដែលជាដំណឹងល្អ ឲ្យ​អាចមើល​ឃើញនៅក្នុងសកម្មភាព​បាន។

៧ ភាពជាអ្នកដឹកនាំក្រុមជំនុំ

តើវាជាអ្វី?
មានតួនាទី​ពីរ​យោងក្នុងក្រុមជំនុំយោង​តាម​ព្រះគម្ពីរ៖ ពួកចាស់ទុំ និង​​ពួកអ្នកជំនួយ។ ពួកចាស់ទុំ​ត្រូវ​ធ្វើ​ជា​បុរស​ដែល​មាន​គុណ​សម្បត្ដិ​ដែលចេះកោតខ្លាចព្រះ ដែល​បម្រើ​ជា​គ្រូ​បង្រៀន និង​ជា​គ្រូ​គង្វាលក្នុង​ក្រុមជំនុំ។ ម្យ៉ាងវិញទៀត ពួកអ្នកជំនួយគឺជាអ្នកបម្រើនៃក្រុមជំនុំ ដោយផ្តោតលើតម្រូវការជាក់ស្តែងរបស់សមាជិក និងការរួបរួមនៃរូបកាយទាំងមូល។

តើ​វា​នៅ​ឯ​ណា​ក្នុង​គម្ពីរ?
សាវ័ក ប៉ុល​ បាន​លើកឡើង​នូវ​លក្ខណសម្បត្តិ​សម្រាប់ពួក​អ្នក​ចាស់​ទុំ​នៅ​ក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៣:១-៧ និង​ទីតុស ១:៥-៩។
ព្រះ​ជាម្ចាស់​បានប្រទាន​ពួកចាស់ទុំជាអំណោយ​ដល់​ក្រុម​ជំនុំ​ដើម្បី
ឲ្យចំណីដល់ចៀមរបស់ព្រះដោយព្រះបន្ទូលរបស់ទ្រង់ (យ៉ូហាន ២១:១៥-១៧)
ណែនាំចៀម (១ធីម៉ូថេ ៤:១៦; ១ពេត្រុស ៥:៣; ហេព្រើរ ១៣:៧)
និងការពារចៀមពីអ្នកវាយប្រហារ (កិច្ចការ ២០:២៧-២៩; ២ធីម៉ូថេ ៤:៣-៤; ទីតុស ១:៩)
ខណៈពេលនោះពួកគាត់ក៏ការពារខ្លួនឯង និងក្រុមជំនុំ តាមរយៈប្រាជ្ញានៃពហុភាពរបស់ពួកគេដែរ (សុភាសត ១១:១៤; ២៤:៦)។
នៅពេល​កណ្ឌសំបុត្រ​លើក​ឡើង​អំពី​ពួក​ពួកអ្នកចាស់ទុំ ខគម្ពីរទាំងនោះ​បង្ហាញ​ជា​ក្រុម ឬ​ជា​ពហុភាព (កិច្ចការ ១៤:២៣; កិច្ចការ ២០:១៧; ១ធីម៉ូថេ ៤:១៤; ៥:១៧; យ៉ាកុប ៥:១៤)។
លក្ខណ​សម្បត្តិ​សម្រាប់ពួកអ្នកជំនួយ​មាន​នៅ​ក្នុងកណ្ឌ​គម្ពីរ ១ធីម៉ូថេ ៣:៨-១៣។
ខណៈពេលដែល «ពួកទាំងប្រាំពីរនាក់» មិនត្រូវបានដាក់ឈ្មោះជាពួកអ្នកជំនួយនៅក្នុងកណ្ឌ​គម្ពីរ កិច្ចការ ៦:១-៧ ក៏បុគ្គលទាំងប្រាំពីរនេះបានបង្ហាញអំពីការងារជាមូលដ្ឋានរបស់ពួកអ្នកជំនួយដែរ៖ (១) បំពេញតម្រូវការជាក់ស្តែង (២) នាំមកនូវការរួបរួមគ្នាដល់ក្រុមជំនុំ (៣) និងគាំទ្រដល់ព័ន្ធកិច្ចនៃការបង្រៀនរបស់ពួកអ្នកចាស់ទុំ។
ហេតុអ្វីបានជាវាសំខាន់?
ភាពចាស់ទុំតាមព្រះគម្ពីរមានសារៈសំខាន់ ពីព្រោះតាមរយៈការនោះ ព្រះជាម្ចាស់ប្រទានពរដល់ក្រុមជំនុំដោយផ្ដល់នូវការណែនាំ ការការពារ និងការរួបរួមគ្នា។

៨ ការអធិស្ឋាន

តើវាជាអ្វី?
មានមនុស្ស​ជា​ច្រើន​បានគិត​ខុស​អំពីការ​អធិស្ឋាន​ថាជា​ប្រភេទ​នៃការ​មានថាមពល​អាថ៌កំបាំង ឬ​ក៏ពិធី​សាសនា។ ប៉ុន្តែ ការអធិស្ឋានគឺគ្រាន់តែជានិយាយទៅកាន់ព្រះប៉ុណ្ណោះ។ វា​អាចមាន​រួម​បញ្ចូល​ទាំង​ការ​សរសើរ​តម្កើងដល់​ព្រះ​ជាម្ចាស់ ការ​សារភាព​អំពើ​បាប ការ​ទូលសូមសេចក្តី​ត្រូវ​ការ និង​សូម្បី​តែ​ការ​ទួញ​សោក​ចំពោះ​ការ​ខូច​ខាត​នៃ​ពិភព​លោក​នេះ​ដែរ។ នៅក្នុងព្រះគម្ពីរ គ្រីស្ទបរិស័ទនីមួយៗ និងក្រុមជំនុំនីមួយៗត្រូវបានបញ្ជាឲ្យអធិស្ឋាន ពីព្រោះព្រះពិតជាព្រះសណ្ដាប់មែន និងឆ្លើយតបចំពោះការអធិស្ឋានរបស់រាស្ដ្រទ្រង់។

តើ​វា​នៅ​ឯ​ណា​ក្នុង​គម្ពីរ?
ព្រះយេស៊ូវ​បាន​បង្រៀន​សិស្ស​ទ្រង់​ឲ្យ​អធិស្ឋាន​ដោយផ្ទាល់​ទៅកាន់​ព្រះ​ក្នុង​នាម​ជា​ព្រះវរបិតា​របស់​ពួកគេ ឲ្យសរសើរ​ទ្រង់​ថា​ទ្រង់​ជា​នរណា ហើយឲ្យ​សូម​ទ្រង់​ផ្គត់ផ្គង់​នូវ​រាល់គ្រប់​តម្រូវការ​របស់​យើង (ម៉ាថាយ ៦:៦-៩)។
ព្រះ​អង្គ​ក៏បានមានបន្ទូលថា អ្នកជឿគួរទូលសូមដោយមាន​ចិត្តក្លាហាន ពីព្រោះព្រះ​អង្គជ្រាបអំពីអ្វីដែលយើងត្រូវការ ហើយក៏បានតាំងព្រះចិន្តាទ្រង់ផ្ទាល់ ដើម្បីផ្គត់ផ្គង់ដល់យើង​ដែរ (ម៉ាថាយ ៦:២៥-៣៤)។
សាវ័ក យ៉ាកុប​ បាន​កំណត់​មូលហេតុ​ដែល​អ្នក​ជឿ​មិន​ទទួល​បាន​អ្វី​ដែល​យើង​ត្រូវ​ការ គឺ​ដោយ​សារ​យើង​មិន​បាន​ទួលសូម (យ៉ាកុប ៤:២-៣)។
ក្រុមជំនុំដំបូងបានប្រមូលផ្តុំគ្នាយ៉ាងទៀងទាត់ ដើម្បីអធិស្ឋានដោយ​សារ​ពួកគេប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការនាំដំណឹងល្អទៅ​មុខ​ទៀតក្នុងចំណោមមនុស្សបាត់បង់ (កិច្ចការ ១:១៤, ៤:២៣-៣១, ១២:៥)។
ហេតុអ្វីបានជាវាសំខាន់?
ការ​អធិស្ឋាន​គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ព្រះ​គម្ពីរ ដល់​ថ្នាក់​ថាយើង​មិន​អាច​យល់ព្រះ​គម្ពីរ​​បាន ​បើយើង​គ្មាន​ការ​អធិស្ឋានទេ។ នេះ​គឺ​ដោយ​សារ​អ្វី​ដែល​ព្រះ​ជាម្ចាស់​មាន​បន្ទូល​ទាមទារ​ឲ្យ​មានការ​ឆ្លើយ​តប​ពី​យើង។ ការឆ្លើយតបត្រឹមត្រូវចំពោះការបើកសម្ដែងរបស់ព្រះរួមមាន៖ ការសរសើរ ការទូល​សូម ការសារភាព និងការទួញសោកចំពោះព្រះដោយការអធិស្ឋាន។

បេសកកម្មរបស់ 9Marks

តើវាជាអ្វី?
បេសកកម្មគឺជាការដាំក្រុមជំនុំឆ្លងកាត់ឧបសគ្គធំៗ។ ដើម្បីបំពេញវាបន្តិច បេសកកម្មពាក់ព័ន្ធនឹងការដែល​ក្រុម​ជំនុំបញ្ជូនបេសកជនដែលមានសមត្ថភាពឆ្លងកាត់ឧបសគ្គភាសា ភូមិសាស្រ្ត ឬវប្បធម៌ ដើម្បីចាប់ផ្តើម ឬក៏ពង្រឹងក្រុមជំនុំ ជាពិសេសនៅកន្លែងដែលគេ​មិន​ទាន់​បាន​ឮ​ព្រះនាមរបស់ព្រះគ្រីស្ទនៅឡើយ។

តើ​វា​នៅ​ឯ​ណា​ក្នុង​គម្ពីរ?
ព្រះ​គម្ពីរ​ទាំង​មូល​បានប្រាប់​អំពី​ដំណើរ​រឿង​នៃការ​​ព្រះ​ជាម្ចាស់បានបង្កើត​មនុស្ស​មួយក្រុម​សម្រាប់​ទ្រង់​ផ្ទាល់ចេញ​ពី​អស់អ្នក​ដែល​ត្រូវ​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ងងឹត និង​សេចក្ដី​ស្លាប់​ដោយសារ​អំពើ​បាប​របស់​លោក អ័ដាម និង​អំពើបាបរបស់ខ្លួន។ ព្រះ​អង្គបានសម្រេចការប្រោសលោះរបស់ប្រជារាស្ត្ររបស់​ទ្រង់​តាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលជាអង្គដែលព្រះគម្ពីរសញ្ញាចាស់បានទន្ទឹងរង់ចាំ ហើយព្រះគម្ពីរសញ្ញាថ្មីបានប្រារព្ធ។ នេះមានន័យថា ព្រះគម្ពីរទាំងមូលគឺអំពីបេសកកម្ម—បេសកកម្មរបស់ព្រះដើម្បីសង្គ្រោះ។
នៅ​ក្នុង​មហាបេសកកម្ម ព្រះយេស៊ូវ​បាន​ចង​ក្រុមជំនុំនៅ​គ្រប់​ទីកន្លែងឲ្យបំពេញ​កិច្ចការ​នៃការបង្កើត​សិស្ស (ម៉ាថាយ ២៨:១៩-២០)។ យើងដឹងថា ក្រុមជំនុំតាមតំបន់គឺជាមធ្យោបាយនៃការបំពេញបេសកកម្មរបស់ព្រះយេស៊ូវ ពីព្រោះ (១) ពួកសាវ័កបានដាំក្រុមជំនុំតាមតំបន់គ្រប់ទីកន្លែងដែលពួកគេបានទៅពាសពេញកណ្ឌគម្ពីរកិច្ចការ ហើយ (២) ព្រះយេស៊ូវ​បានបង្គាប់​ឲ្យអ្នក​ជឿ​ថ្មី​ទទួល​ពិធីបុណ្យជ្រមុជទឹក—ជា​ពិធីបង្ហូរព្រះគុណដែល​ជាធម្មតា​ត្រូវបាន​ប្រទាន​ដល់​ក្រុមជំនុំ ជាជាង​ដល់​បុគ្គល​ណាម្នាក់។
កណ្ឌ​គម្ពីរកិច្ចការគឺអំពីការដាំ និងការពង្រឹងក្រុមជំនុំ ដើម្បីឲ្យដំណឹងល្អសាយភាយចេញទៅ។ កណ្ឌសំបុត្រនីមួយៗនៃព្រះគម្ពីរសញ្ញាថ្មីក៏បំពេញ​ចំណុចនេះដែរ។
កណ្ឌ​គម្ពីរ វិវរណៈ ៧:៩ បានធានា​ថា ​បេសកកម្ម​របស់​ព្រះ​ជាម្ចាស់ ដែល​ព្រះ​អង្គ​​កំពុង​ធ្វើ​ការ​តាម​រយៈ​ក្រុម​ជំនុំ​របស់​ទ្រង់បច្ចុប្បន្ននឹង​ទទួល​បាន​ជោគជ័យ។ «មនុស្សមួយហ្វូងយ៉ាងធំ» ពីគ្រប់ជាតិសាសន៍នឹងមកជួបទ្រង់ នៅថ្ងៃចុងក្រោយ។
ហេតុអ្វីបានជាវាសំខាន់?
ការធ្វើបេសកកម្មមានសារៈសំខាន់ ពីព្រោះគោលបំណងចម្បងរបស់ព្រះជាម្ចាស់ក្នុងការបង្កើតពិភពលោក គឺតែងតែដើម្បីប្រោសលោះមនុស្សមួយ​ក្រុម តាមរយៈព្រះគ្រីស្ទសម្រាប់សិរីល្អរបស់ទ្រង់ (កូឡូស ១:១៦-២២)។ ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ក្រុម​ជំនុំ​ឲ្យ​ចូល​រួម​ក្នុង​បេសកកម្ម​នេះ។