អំពី 9Marks
បេសកកម្ម
ព័ន្ធកិច្ច 9Marks គឺដើម្បីជួយអ្នកដឹកនាំក្រុមជំនុំឲ្យមានចក្ខុវិស័យព្រះគម្ពីរ និងធនធានជាក់ស្តែងសម្រាប់បង្ហាញសិរីល្អរបស់ព្រះដល់ប្រជាជាតិនានា តាមរយៈព្រះវិហារដែលមានសុខភាពល្អ។
ប្រវត្តិសាស្រ្ត
អង្គការនេះមានការចាប់ផ្ដើមចេញពីលោកគ្រូគង្វាល Mark Dever និងលោកគ្រូគង្វាល Matt Schmucker នៅឯវិហារ Capitol Hill Baptist ក្នុងទីក្រុង Washington, DC ។ ក្រុមជំនុំនេះបានធ្លាក់ចុះអស់ជាច្រើនទសវត្សរ៍ នៅពេលដែលលោក Mark Dever (ដែលជាគ្រូគង្វាល) និងលោក Matt (ដែលជាអ្នកគ្រប់គ្រង/អ្នកចាស់ទុំ) បានចាប់ផ្តើមធ្វើកំណែទម្រង់នៅដើមទសវត្សរ៍ឆ្នាំ 1990។ អ្នកទាំងពីរនោះមិនបានធ្វើតាមប្រាជ្ញាសាមញ្ញនៃអក្សរសិល្ប៍សម្រាប់ការរីកចម្រើនក្នុងក្រុមជំនុំទេ—ធ្វើការស្ទង់មតិ បង្កើតកម្មវិធីថ្មី ឬបណ្តុះវប្បធម៌ត្រឹមត្រូវ។ ពួកគេគ្រាន់តែបានបើកព្រះគម្ពីររបស់ខ្លួនប៉ុណ្ណោះ។ លោក Mark បានអធិប្បាយ ហើយបុរសទាំងពីរនាក់បានធ្វើការរៀបចំព្រះវិហារតាមព្រះបន្ទូល។
សៀវភៅ
តាមការបំផុសគំនិតរបស់លោក Matt នោះលោក Mark ក៏បានសរសេរកូនសៀវភៅដែលបានបោះពុម្ពដោយខ្លួនឯងដែលមានចំណងជើងថា “9 Marks of a Healthy Church”។ ជាច្រើនឆ្នាំក្រោយមករោងពុម្ព Crossway បានបោះពុម្ពជាសៀវភៅដែលផ្សាយ Nine Marks of a Healthy Church ។ នៅពេលដែលគ្រូគង្វាលច្រើននាក់ទៀតបានឃើញថា ការសន្ទនាដែលចាប់ផ្តើមដោយលោក Mark និងលោក Matt មានប្រយោជន៍ នោះពួកគាត់ក៏បានបង្កើតអង្គការមួយនៅចុងទសវត្សរ៍ទី ៩០ ដែលបានកើនឡើងបន្តិចម្តងៗ តាំងពីពេលនោះមក។
អង្គការ
ក្រុម 9Marks ជឿថាក្រុមជំនុំតាមតំបន់គឺជាចំណុចសំខាន់នៃផែនការរបស់ព្រះជាម្ចាស់ សម្រាប់បង្ហាញសិរីល្អរបស់ទ្រង់ដល់ប្រជាជាតិនានា ហើយថាព្រះគម្ពីរគឺគ្រប់គ្រាន់សម្រាប់ជីវិតនៃក្រុមជំនុំ។ ដូច្នេះ ក្នុងនាមជាអង្គការមួយ យើងផ្តោតលើព្រះវិហារ ផ្តោតលើព្រះគម្ពីរ និងផ្តោតលើគ្រូគង្វាល។ យើងផ្តល់តម្លៃដល់ភាពសម្បូរបែបនៃសំឡេង និងរចនាប័ទ្ម ក៏ដូចជាភាពជាដៃគូដែលមានគំនិតដូចៗគ្នា។ យើងសង្ឃឹមថាយើងនឹងបន្តបង្កើនចំណេះដឹងរបស់យើងអំពីព្រះបន្ទូលរបស់ព្រះ និងការអនុវត្តន៍តាមព្រះបន្ទូលនោះចំពោះក្រុមជំនុំតាមតំបន់។ ហើយយើងមានបំណងផ្សព្វផ្សាយសាររបស់យើងតាមរយៈកន្លែង វេទិកា និងស្ថាប័នដែលមានស្រាប់ មិនមែនបង្កើតមាតិកាថ្មីនោះទេ។
សញ្ញសម្គាល់ប្រាំបួនគឺ៖ (១) សេចក្ដីអធិប្បាយតាមអត្ថន័យព្រះគម្ពីរ (២) គោលលទ្ធិនៃដំណឹងល្អ (3) ការយល់ដឹងអំពីការផ្លាស់ប្រែចិត្ត និងការប្រកាសដំណឹងល្អតាមព្រះគម្ពីរ (៤) សមាជិកភាពនៃក្រុមជំនុំតាមព្រះគម្ពីរ (៥) ការដាក់វិន័យក្នុងក្រុមជំនុំតាមព្រះគម្ពីរ (៦) ការយកចិត្តទុកដាក់តាមព្រះគម្ពីរសម្រាប់ភាពជាសិស្ស និង ការលូតលាស់ (៧) ភាពជាអ្នកដឹកនាំក្រុមជំនុំតាមព្រះគម្ពីរ (៨) ការយល់ដឹងអំពីព្រះគម្ពីរអំពីការអនុវត្តការអធិស្ឋាន និង (៩) ការយល់ដឹងអំពីព្រះគម្ពីរ និងការអនុវត្តការធ្វើបេសកកម្ម។ ទាំងនេះមិនមែនជាចំណុចតែមួយគត់ដែលចាំបាច់សម្រាប់ការកសាងក្រុមជំនុំដែលមានសុខភាពល្អនោះទេ។ សព្វថ្ងៃ មានការប្រតិបត្តិចំនួនប្រាំបួនយ៉ាងដែលក្រុមជំនុំជាច្រើនមើលរំលង ហើយយើងត្រូវលើកឡើងជាថ្មីម្តងទៀត។
១ សេចក្ដីអធិប្បាយតាមអត្ថន័យព្រះគម្ពីរ
តើវាជាអ្វី?
សេចក្ដីអធិប្បាយតាមអត្ថន័យព្រះគម្ពីរគឺជាការឲ្យចំណុចសំខាន់នៃបទគម្ពីរជាចំណុចសំខាន់នៃការអធិប្បាយ ហើយបន្ទាប់មកយកមកអនុវត្តនៅក្នុងជីវិតនៃក្រុមជំនុំ។
តើវានៅឯណាក្នុងគម្ពីរ?
យោងតាមព្រះគម្ពីរ ព្រះជាម្ចាស់បានសម្រេចព្រះហឫទ័យរបស់ទ្រង់តាមរយៈការមានបន្ទូលទៅកាន់ប្រជាជនរបស់ទ្រង់ (សូមមើល លោកុប្បត្តិ ១:៣, អេសាយ ៥៥:១០-១១, កិច្ចការ ១២:២៤)។ នេះមានន័យថា ដើម្បីឲ្យសេចក្ដីអធិប្បាយមានការពោរពេញដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះអ្នកអធិប្បាយត្រូវតែផ្សាយព្រះបន្ទូលរបស់ព្រះ។
ព្រះគម្ពីរមានឧទាហរណ៍ជាច្រើនអំពីការអធិប្បាយ និងការបង្រៀនដែលបង្ហាញអំពីការពន្យល់ន័យ។ សូមគិតអំពីពួកសង្ឃលេវីដែលបានបង្រៀនក្រឹត្យវិន័យ (ចោទិយកថា ៣៣:១០) លោក អែសរ៉ា និងពួកលេវីដែលបានអានពីក្រឹត្យវិន័យ ហើយបានពន្យល់ (នេហេមា ៨:៨) ហើយសាវ័ក ពេត្រុស និងពួកសាវ័កនានាដែលបានពន្យល់ព្រះគម្ពីរ និងបានដាស់តឿន អ្នកស្តាប់ឲ្យឆ្លើយតបដោយការប្រែចិត្ត និងការមានសេចក្តីជំនឿ (កិច្ចការ ២:១៤-៤១, ១៣:១៦-៤៧)។
ម្យ៉ាងវិញទៀត ព្រះទ្រង់ថ្កោលទោសអស់អ្នកទាំងណាដែល «សំដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តខ្លួនគេ មិនមែនជាសេចក្ដីដែលចេញពីព្រះឱស្ឋ នៃព្រះយេហូវ៉ាឡើយ» (យេរេមា ២៣:១៦, ១៨, ២១-២២)។
ហេតុអ្វីបានជាវាសំខាន់?
ការអធិប្បាយតាមអត្ថន័យព្រះគម្ពីរមានសារៈសំខាន់ ពីព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាអ្វីដែលកាត់ទោស ផ្តល់ជីវិតថ្មី កសាង និងញែករាស្ដ្ររបស់ព្រះជាបរិសុទ្ធ (ហេព្រើរ ៤:១២; ១ពេត្រុស ១:២៣; ១ថែស្សាឡូនីច ២:១៣; យ៉ូហាន ១៧:១៧)។ អ្វីដែលរាស្ដ្ររបស់ព្រះជាម្ចាស់ត្រូវការគឺមិនមែនជាប្រាជ្ញារបស់គ្រូអធិប្បាយទេ ប៉ុន្តែជាប្រាជ្ញារបស់ព្រះវិញ។
២ គោលលទ្ធិនៃដំណឹងល្អ
តើវាជាអ្វី?
គោលលទ្ធិនៃដំណឹងល្អពន្យល់ថាព្រះជានរណា ថាយើងជាមនុស្សមានបាប និងអ្វីដែលព្រះជាម្ចាស់បានធ្វើ ដើម្បីសង្គ្រោះអ្នកដែលប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ហើយជឿទុកចិត្តលើទ្រង់។
តើវានៅឯណាក្នុងគម្ពីរ?
ព្រះគម្ពីរបានបង្រៀនថា ព្រះជាម្ចាស់បានបង្កើតពិភពលោក ហើយថាព្រះទ្រង់បរិសុទ្ធ ស្មោះត្រង់ ស្រឡាញ់ និងមានអធិបតេយ្យភាព (លោកុប្បត្តិ ១:១; លេវីវិន័យ ២១:៨; និក្ខមនំ ៣៤:៦-៧; យ៉ូហាន ៥:២០; ១យ៉ូហាន ៤:១០, ១៩; អេសាយ ៤៥:៧-៩; អេភេសូរ ១:១១)។
ព្រះគម្ពីរក៏បានបង្រៀនថា មនុស្សត្រូវបានបង្កើតឡើងក្នុងរូបអង្គនៃព្រះ ដើម្បីឲ្យគោរពតាមបញ្ជារបស់ទ្រង់ ហើយរីករាយក្នុងការប្រកបដ៏ល្អឥតខ្ចោះជារៀងរហូត (លោកុប្បត្តិ ១:២៦-២៧, ២:១៧; ទំនុកតម្កើន ១៩:៧-៩; វិវរណៈ ២:៧)។
ទោះយ៉ាងណាក៏ដោយ ជាជាងស្តាប់បង្គាប់តាមព្រះជាម្ចាស់ ក៏មនុស្សបានធ្វើបាប ហើយសេចក្តីស្លាប់ក៏បានចូលមកក្នុងពិភពលោក ហើយអ្វីៗទាំងអស់ក៏មកស្ថិតនៅក្រោមការកាត់ទោសនៅចំពោះព្រះជាម្ចាស់ (រ៉ូម 5:12-14)។
ប៉ុន្តែ ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សមានបាប ហើយបានបញ្ជូនព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ឲ្យមករស់នៅ សុគត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីអត់ទោសអ្នកណាដែលប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ហើយជឿទុកចិត្តលើទ្រង់ (កាឡាទី ២:១៦; រ៉ូម ៥:១-២; ២កូរិនថូស ៥:២១)។
ព្រះគម្ពីរទាំងមូល និងគោលលទ្ធិទាំងអស់ក្នុងព្រះគម្ពីរចង្អុលទៅកាន់បុគ្គល និងកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទ (លូកា ២៤:៤៤-៤៧; យ៉ូហាន ៥:៣៩-៤០)។
ហេតុអ្វីបានជាវាសំខាន់?
គោលលទ្ធិនៃដំណឹងល្អសំខាន់ ដោយសារគ្មានវិធីណាផ្សេងទៀតដែលនាំឲ្យមនុស្សទទួលបានការអត់ទោសចេញពីអំពើបាបរបស់ខ្លួន ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ប៉ុន្តែមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ (កិច្ចការ ៤:១២)។
៣ ការផ្លាស់ប្រែចិត្ត និងការប្រកាសដំណឹងល្អ
តើវាជាអ្វី?
ការប្រែចិត្តគឺជាការផ្លាស់ប្តូរដួងចិត្តទាំងស្រុង និងជីវិតដែលព្រះជាម្ចាស់នាំមកកាន់រាស្ដ្ររបស់ទ្រង់ដោយព្រះវិញ្ញាណរបស់ទ្រង់។ ការប្រកាសដំណឹងល្អគឺជាការដែលមនុស្សម្នាក់ប្រាប់អ្នកដទៃអំពីរបៀបនៃការទទួលបានការផ្សះផ្សាជាមួយព្រះជាម្ចាស់ តាមរយៈជំនឿលើព្រះគ្រីស្ទ។ ជាញឹកញយ ការប្រកាសដំណឹងល្អគឺជាមធ្យោបាយដែលព្រះជាម្ចាស់ប្រើប្រាស់ ដើម្បីនាំឲ្យមនុស្សទទួលជឿលើទ្រង់។
តើវានៅឯណាក្នុងគម្ពីរ?
ចេញពីក្រិត្យវិន័យ ពួកហោរា និងព្រះយេស៊ូវ និងការបង្រៀនរបស់ពួកសាវ័ក យើងរៀនបានថា មនុស្សត្រូវការបេះដូងថ្មី (ចោទិយកថា ៣១:១៤-២៣, អេសេគាល ៣:៧; ម៉ាកុស ៧:២០-២៣; រ៉ូម ៣:២៣; អេភេសូរ ២:១០)។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងផ្លាស់ប្តូរចិត្តប្រជារាស្ត្រទ្រង់ ដោយទ្រង់បញ្ជូនព្រះមេស្ស៊ី ដែលនឹងប្រោសលោះពួកគេចេញពីការបរាជ័យ និងអំពើបាបរបស់ពួកគេ (អេសាយ ៥៣:៤-៥; យេរេមា ៣១:៣៣-៣៤)។
តាមរយៈកិច្ចការរបស់ព្រះយេស៊ូវ ដែលជាព្រះមេស្ស៊ីដែលបានសន្យាថានឹងមក និងព្រះវិញ្ញាណបរិសុទ្ធនៃព្រះ នោះអស់អ្នកណាដែលព្រះត្រាស់ហៅឲ្យមកទ្រង់នឹងបានប្រែចិត្តជឿ—ពោលគឺពួកគេប្រែចិត្ត ទទួលជឿ ហើយបានសង្រ្គោះ (យ៉ូហាន ៣:៥-១៣, ៦:៣៧-៤០)។ ការប្រែចិត្តជឿនេះមិនអាចសម្រេចបាននៅក្នុងចិត្តរបស់មនុស្ស ដោយគ្មានព្រះធ្វើកិច្ចការនេះទេ (យ៉ូហាន ៦:៤៤)។
ព្រះជាម្ចាស់បានបង្គាប់ឲ្យអស់អ្នកដែលបានប្រែចិត្តជឿ ឲ្យទៅផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវដល់ពិភពលោកនេះ ដើម្បីឲ្យគេទទួលបានសេចក្ដីសង្គ្រោះដែរ (ម៉ាថាយ ២៨:១៩-២០; រ៉ូម ១០:១៤-១៥; ២កូរិនថូស ៥:១៩)។ នេះជាកិច្ចការនៃការផ្សាយដំណឹងល្អ ហើយការផ្សាយដំណឹងល្អគឺជាមធ្យោបាយធម្មតារបស់ព្រះជាម្ចាស់ ដើម្បីនាំឲ្យមានការប្រែចិត្តជឿ។
ហេតុអ្វីបានជាវាសំខាន់?
ការប្រែចិត្តជឿមានសារៈសំខាន់ ពីព្រោះយើងត្រូវបានបង្កើតឡើង ដើម្បីឲ្យស្វែងរកសេចក្តីអំណរដ៏អស្ចារ្យបំផុតក្នុងការនៅជាមួយនឹងព្រះ ហើយយើងត្រូវតែប្រែចិត្ត ដើម្បីឲ្យស្គាល់ និងនៅជាមួយទ្រង់បាន។ ការផ្សាយដំណឹងល្អមានសារៈសំខាន់ណាស់ ពីព្រោះព្រះជាម្ចាស់បានត្រាស់ហៅ និងប្រើប្រាស់យើង ដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ ដើម្បីឲ្យពួកគេបានទទួលការសង្គ្រោះដែរ។
៤ សមាជិកភាពនៃក្រុមជំនុំតាមព្រះគម្ពីរ
តើវាជាអ្វី?
យោងតាមព្រះគម្ពីរ សមាជិកភាពក្នុងក្រុមជំនុំគឺជាការប្តេជ្ញាចិត្តដែលគ្រីស្ទបរិស័ទគ្រប់រូបគួរតែចូលរួម ស្រឡាញ់ បម្រើ និងចុះចូលចំពោះក្រុមជំនុំតាមតំបន់។
តើវានៅឯណាក្នុងគម្ពីរ?
ពាសពេញព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់បានធ្វើឲ្យមានភាពខុសគ្នាយ៉ាងច្បាស់រវាងរាស្ដ្ររបស់ទ្រង់ និងពិភពលោកនេះ។ បន្ទាប់មក ពួកសាវ័កនៃព្រះគម្ពីរសញ្ញាថ្មីក៏បានទទូចលើភាពខុសគ្នាដូចគ្នានេះដែរ (លេវីវិន័យ ១៣:៤៦; ជនគណនា ៥:៣; ចោទិយកថា ៧:៣; ២កូរិនថូស ៦:១៤-៧:១)។
ព្រះយេស៊ូវបានបង្រៀនថា ការចូលទៅក្នុងនគររបស់ព្រះគឺជាប់ពាក់ព័ន្ធនឹងការចងភ្ជាប់នឹងក្រុមជំនុំ «នៅផែនដី» ដែលជាក្រុមជំនុំតាមតំបន់ (ម៉ាថាយ ១៦:១៦-១៩; ១៨:១៧-១៩)។
ក្រុមជំនុំដំបូងបានចាប់ផ្ដើមនៅថ្ងៃបុណ្យទី៥០ នៅពេលដែលមានមនុស្សបានទទួលពិធីបុណ្យជ្រមុជទឹក ហើយ «ថែមកើនឡើងទៀត» (កិច្ចការ ២:៤១)។ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ការចូលរួមក្នុងពិធីជប់លៀងរបស់ព្រះអម្ចាស់ជាការបង្ហាញថាអ្នកណាជាកម្មសិទ្ធិរបស់ព្រះកាយនៃព្រះគ្រីស្ទ (១កូរិនថូស ១០:១៧)។
កណ្ឌសំបុត្រភាគច្រើនត្រូវបានសរសេរទៅកាន់មនុស្សមួយចំនួនដែលគេស្គាល់ថា «ផ្ញើមកពួកជំនុំនៃព្រះ ដែលនៅក្រុងកូរិនថូស» និង «ផ្ញើមកពួកជំនុំទាំងប៉ុន្មាន នៅស្រុកកាឡាទី»។ ទាំងនេះមិនមែនជាហ្វូងមនុស្សចៃដន្យនោះទេ ប៉ុន្តែត្រូវបានកំណត់អត្តសញ្ញាណ និងសម្គាល់អំពីក្រុមបុគ្គល ដែលនឹងកំណត់ថាជាក្រុមជំនុំទាំងនោះ។
ព្រះគម្ពីរសញ្ញាថ្មីបានសំដៅយ៉ាងជាក់លាក់ទៅលើមនុស្សមួយចំនួនថា «នៅខាងក្នុង» ក្រុមជំនុំ ហើយអ្នកផ្សេងទៀតថា «នៅខាងក្រៅ» ក្រុមជំនុំ។ ព្រះគម្ពីរក៏បានលើកឡើងអំពី «ការដក» មនុស្សចេញពីក្រុមជំនុំ និងការដាក់ទណ្ឌកម្ម ដោយមានការចូលរួមពីចំណោមមនុស្សភាគច្រើន (១កូរិនថូស ៥:២, ១២-១៣; ២កូរិនថូស ២:៦)។
ព្រះគម្ពីរសញ្ញាថ្មីក៏មានពាក្យបញ្ជា «គ្នាទៅវិញទៅមក» រាប់សិបដង ដែលបំពេញការយល់ដឹងរបស់យើងអំពីអ្វីដែលសមាជិកក្រុមជំនុំគួរតែមើលទៅដូចនោះ។
ហេតុអ្វីបានជាវាសំខាន់?
សមាជិកភាពក្នុងក្រុមជំនុំព្រះគម្ពីរគឺមានសារៈសំខាន់ ពីព្រោះតាមរយៈក្រុមជំនុំ នោះព្រះជាម្ចាស់នឹងថ្លែងទីបន្ទាល់អំពីទ្រង់ និងបង្ហាញសិរីល្អរបស់ទ្រង់ដល់ពិភពលោក។ ដូច្នេះ នៅក្នុងសមាជិកភាពនៃក្រុមជំនុំ អ្នកដែលមិនមែនជាគ្រីស្ទបរិស័ទគួរតែអាចមើលឃើញនៅក្នុងជីវិតមនុស្សដែលបានផ្លាស់ប្តូររបស់ព្រះជាម្ចាស់ថា ព្រះអង្គបរិសុទ្ធ និងមានព្រះហឫទ័យសប្បុរស ហើយថាដំណឹងល្អរបស់ទ្រង់មានព្រះចេស្ដាខ្លាំងក្នុងការសង្គ្រោះ និងផ្លាស់ប្តូរមនុស្សមានបាប។
៥ ការដាក់វិន័យក្នុងក្រុមជំនុំ
តើវាជាអ្វី?
ការដាក់វិន័យក្នុងក្រុមជំនុំគឺជាកិច្ចការកែតម្រូវអំពើបាប ក្នុងជីវិតអ្នកជឿ។
ការនេះអាចបានធ្វើឡើងដោយឯកជន និងក្រៅផ្លូវការ។ ក្នុងឱកាសដ៏កម្រមាន វាក៏អាចរួមបញ្ចូលនូវជំហានចុងក្រោយនៃការដកគ្រីស្ទបរិស័ទណាម្នាក់ចេញពីសមាជិកភាពពីក្រុមជំនុំ និងការចូលរួមក្នុងពិធីលៀងរបស់ព្រះអម្ចាស់ ដោយសារអំពើបាបដែលមិនបានប្រែចិត្តយ៉ាងធ្ងន់ធ្ងរ (សូមមើលកណ្ឌគម្ពីរ ម៉ាថាយ ១៨:១៥-២០, ១កូរិនថូស ៥:១-១៣)។
តើវានៅឯណាក្នុងគម្ពីរ?
ព្រះគម្ពីរសញ្ញាថ្មីបានបង្គាប់ឲ្យមានការដាក់វិន័យបែបកែតម្រង់ក្នុងកណ្ឌគម្ពីរដូចជា ម៉ាថាយ ១៨:១៥-១៧, ១កូរិនថូស ៥:១-១៣; ២កូរិនថូស ២:៦ និង ២ថែស្សឡូនីច ៣:៦-១៥។
ព្រះគម្ពីរសញ្ញាថ្មីក៏បានរៀបរាប់យ៉ាងលម្អិតផងដែរអំពីការដាក់វិន័យជាផ្លូវការ (ការខិតខំប្រឹងប្រែងរបស់យើង ដើម្បីរីកចម្រើនឡើងក្នុងភាពបរិសុទ្ធជាមួយគ្នា) នៅក្នុងខគម្ពីរជាច្រើនរាប់មិនអស់ ដែលនិយាយអំពីការស្វែងរកភាពបរិសុទ្ធ និងការកសាងគ្នាទៅវិញទៅមកនៅក្នុងសេចក្ដីជំនឿ ដូចជាកណ្ឌគម្ពីរ អេភេសូរ ៤:១១-៣១ និង ភីលីព ២:១-១៨។
ហេតុអ្វីបានជាវាសំខាន់?
ការដាក់វិន័យគឺដូចជាឈើដែលជួយឲ្យដើមឈើណាមួយដុះឡើងត្រង់ ជាកង់សាគួរនៅជាប់កង់ ឬការអនុវត្តជាច្រើនម៉ោង គ្មានទីបញ្ចប់របស់តន្ត្រីករ។ បើគ្មានការដាក់វិន័យទេ នោះយើងក៏នឹងមិនអាចរីកចម្រើនឡើង ដូចព្រះជាម្ចាស់ចង់ឲ្យយើងរីកចម្រើនឡើយដែរ។ ដោយមានការដាក់វិន័យ នោះយើងនឹងបង្កើតផលដោយនៃសេចក្ដីសុចរិតដោយព្រះគុណរបស់ព្រះ (ហេព្រើរ ១២:៥-១១)។
VI ភាពជាសិស្ស
តើវាជាអ្វី?
ភាពជាសិស្សក្នុងជីវិតជាគ្រីស្ទបរិស័ទគឺជាការរីកលូតលាស់នៅក្នុងការគោរពកោតខ្លាចព្រះជាម្ចាស់ (២ពេត្រុស ១:៧-១០)។ ការលូតលាស់កើតឡើងមិនគ្រាន់តែតាមរយៈការណែនាំប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការត្រាប់តាមផងដែរ (១កូរិនថូស ៤:១៦; ១១:១)។ ដូច្នេះ ក្រុមជំនុំគួរតែដាស់តឿនសមាជិកខ្លួនឲ្យលូតលាស់ក្នុងភាពបរិសុទ្ធ ហើយជួយអ្នកដទៃឲ្យធ្វើដូចគ្នាដែរ។
តើវានៅឯណាក្នុងគម្ពីរ?
សាវ័ក ពេត្រុស បានដាស់តឿនអ្នកអានរបស់គាត់ឲ្យលូតលាស់ក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ (២ពេត្រុស ៣:១៨)
សាវ័ក ប៉ុល បានដាស់តឿនក្រុមអេភេសូរឲ្យលូតលាស់ ដោយនិយាយសេចក្ដីពិតដោយសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក (អេភេសូរ ៤:១៥)។
មានខគម្ពីរជាច្រើននៅក្នុងព្រះគម្ពីរដែលបានណែនាំយើងឲ្យយកតម្រាប់តាមអ្នកដឹកនាំដែលគោរពកោតខ្លាចព្រះជាម្ចាស់ (១កូរិនថូស ១១:១; ភីលីព ៤:៩; ហេព្រើរ ១៣:៧)។
ចំណុចស្នាូលនោះគឺថា យោងទៅតាមព្រះគម្ពីរ គ្រីស្ទបរិស័ទទាំងអស់គួរតែលូតលាស់ក្នុងព្រះគ្រីស្ទ យកតម្រាប់តាមគ្រីស្ទបរិស័ទដ៏ទៃទៀតដែលគោរពកោតខ្លាចព្រះ និងលើកទឹកចិត្តអ្នកដទៃឲ្យលូតលាស់ដែរក្នុងភាពដូចព្រះគ្រីស្ទ។
ហេតុអ្វីបានជាវាសំខាន់?
ការឲ្យតម្លៃភាពជាសិស្សតាមព្រះគម្ពីរ និងការលូតលាស់គឺសំខាន់ណាស់ ពីព្រោះយើងទាំងអស់មិនមែនជាផលិតផលសម្រេចទេ។ រហូតដល់យើងស្លាប់ នោះគ្រីស្ទបរិស័ទទាំងអស់គ្នានឹងតយុទ្ធប្រឆាំងនឹងអំពើបាប ហើយយើងត្រូវការជំនួយក្នុងការប្រយុទ្ធនេះ។ លើសពីនេះទៅទៀត ក្រុមជំនុំដែលលើកស្ទួយវប្បធម៌នៃភាពជាសិស្សរបស់គ្រីស្ទបរិស័ទក៏នឹងពង្រឹងទីបន្ទាល់របស់ខ្លួនដោយផ្តល់ជូនពិភពលោកនូវរូបភាពនៃអ្វីដែលជាដំណឹងល្អ ឲ្យអាចមើលឃើញនៅក្នុងសកម្មភាពបាន។
៧ ភាពជាអ្នកដឹកនាំក្រុមជំនុំ
តើវាជាអ្វី?
មានតួនាទីពីរយោងក្នុងក្រុមជំនុំយោងតាមព្រះគម្ពីរ៖ ពួកចាស់ទុំ និងពួកអ្នកជំនួយ។ ពួកចាស់ទុំត្រូវធ្វើជាបុរសដែលមានគុណសម្បត្ដិដែលចេះកោតខ្លាចព្រះ ដែលបម្រើជាគ្រូបង្រៀន និងជាគ្រូគង្វាលក្នុងក្រុមជំនុំ។ ម្យ៉ាងវិញទៀត ពួកអ្នកជំនួយគឺជាអ្នកបម្រើនៃក្រុមជំនុំ ដោយផ្តោតលើតម្រូវការជាក់ស្តែងរបស់សមាជិក និងការរួបរួមនៃរូបកាយទាំងមូល។
តើវានៅឯណាក្នុងគម្ពីរ?
សាវ័ក ប៉ុល បានលើកឡើងនូវលក្ខណសម្បត្តិសម្រាប់ពួកអ្នកចាស់ទុំនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៣:១-៧ និងទីតុស ១:៥-៩។
ព្រះជាម្ចាស់បានប្រទានពួកចាស់ទុំជាអំណោយដល់ក្រុមជំនុំដើម្បី
ឲ្យចំណីដល់ចៀមរបស់ព្រះដោយព្រះបន្ទូលរបស់ទ្រង់ (យ៉ូហាន ២១:១៥-១៧)
ណែនាំចៀម (១ធីម៉ូថេ ៤:១៦; ១ពេត្រុស ៥:៣; ហេព្រើរ ១៣:៧)
និងការពារចៀមពីអ្នកវាយប្រហារ (កិច្ចការ ២០:២៧-២៩; ២ធីម៉ូថេ ៤:៣-៤; ទីតុស ១:៩)
ខណៈពេលនោះពួកគាត់ក៏ការពារខ្លួនឯង និងក្រុមជំនុំ តាមរយៈប្រាជ្ញានៃពហុភាពរបស់ពួកគេដែរ (សុភាសត ១១:១៤; ២៤:៦)។
នៅពេលកណ្ឌសំបុត្រលើកឡើងអំពីពួកពួកអ្នកចាស់ទុំ ខគម្ពីរទាំងនោះបង្ហាញជាក្រុម ឬជាពហុភាព (កិច្ចការ ១៤:២៣; កិច្ចការ ២០:១៧; ១ធីម៉ូថេ ៤:១៤; ៥:១៧; យ៉ាកុប ៥:១៤)។
លក្ខណសម្បត្តិសម្រាប់ពួកអ្នកជំនួយមាននៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៣:៨-១៣។
ខណៈពេលដែល «ពួកទាំងប្រាំពីរនាក់» មិនត្រូវបានដាក់ឈ្មោះជាពួកអ្នកជំនួយនៅក្នុងកណ្ឌគម្ពីរ កិច្ចការ ៦:១-៧ ក៏បុគ្គលទាំងប្រាំពីរនេះបានបង្ហាញអំពីការងារជាមូលដ្ឋានរបស់ពួកអ្នកជំនួយដែរ៖ (១) បំពេញតម្រូវការជាក់ស្តែង (២) នាំមកនូវការរួបរួមគ្នាដល់ក្រុមជំនុំ (៣) និងគាំទ្រដល់ព័ន្ធកិច្ចនៃការបង្រៀនរបស់ពួកអ្នកចាស់ទុំ។
ហេតុអ្វីបានជាវាសំខាន់?
ភាពចាស់ទុំតាមព្រះគម្ពីរមានសារៈសំខាន់ ពីព្រោះតាមរយៈការនោះ ព្រះជាម្ចាស់ប្រទានពរដល់ក្រុមជំនុំដោយផ្ដល់នូវការណែនាំ ការការពារ និងការរួបរួមគ្នា។
៨ ការអធិស្ឋាន
តើវាជាអ្វី?
មានមនុស្សជាច្រើនបានគិតខុសអំពីការអធិស្ឋានថាជាប្រភេទនៃការមានថាមពលអាថ៌កំបាំង ឬក៏ពិធីសាសនា។ ប៉ុន្តែ ការអធិស្ឋានគឺគ្រាន់តែជានិយាយទៅកាន់ព្រះប៉ុណ្ណោះ។ វាអាចមានរួមបញ្ចូលទាំងការសរសើរតម្កើងដល់ព្រះជាម្ចាស់ ការសារភាពអំពើបាប ការទូលសូមសេចក្តីត្រូវការ និងសូម្បីតែការទួញសោកចំពោះការខូចខាតនៃពិភពលោកនេះដែរ។ នៅក្នុងព្រះគម្ពីរ គ្រីស្ទបរិស័ទនីមួយៗ និងក្រុមជំនុំនីមួយៗត្រូវបានបញ្ជាឲ្យអធិស្ឋាន ពីព្រោះព្រះពិតជាព្រះសណ្ដាប់មែន និងឆ្លើយតបចំពោះការអធិស្ឋានរបស់រាស្ដ្រទ្រង់។
តើវានៅឯណាក្នុងគម្ពីរ?
ព្រះយេស៊ូវបានបង្រៀនសិស្សទ្រង់ឲ្យអធិស្ឋានដោយផ្ទាល់ទៅកាន់ព្រះក្នុងនាមជាព្រះវរបិតារបស់ពួកគេ ឲ្យសរសើរទ្រង់ថាទ្រង់ជានរណា ហើយឲ្យសូមទ្រង់ផ្គត់ផ្គង់នូវរាល់គ្រប់តម្រូវការរបស់យើង (ម៉ាថាយ ៦:៦-៩)។
ព្រះអង្គក៏បានមានបន្ទូលថា អ្នកជឿគួរទូលសូមដោយមានចិត្តក្លាហាន ពីព្រោះព្រះអង្គជ្រាបអំពីអ្វីដែលយើងត្រូវការ ហើយក៏បានតាំងព្រះចិន្តាទ្រង់ផ្ទាល់ ដើម្បីផ្គត់ផ្គង់ដល់យើងដែរ (ម៉ាថាយ ៦:២៥-៣៤)។
សាវ័ក យ៉ាកុប បានកំណត់មូលហេតុដែលអ្នកជឿមិនទទួលបានអ្វីដែលយើងត្រូវការ គឺដោយសារយើងមិនបានទួលសូម (យ៉ាកុប ៤:២-៣)។
ក្រុមជំនុំដំបូងបានប្រមូលផ្តុំគ្នាយ៉ាងទៀងទាត់ ដើម្បីអធិស្ឋានដោយសារពួកគេប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការនាំដំណឹងល្អទៅមុខទៀតក្នុងចំណោមមនុស្សបាត់បង់ (កិច្ចការ ១:១៤, ៤:២៣-៣១, ១២:៥)។
ហេតុអ្វីបានជាវាសំខាន់?
ការអធិស្ឋានគឺជាមូលដ្ឋានគ្រឹះសម្រាប់ព្រះគម្ពីរ ដល់ថ្នាក់ថាយើងមិនអាចយល់ព្រះគម្ពីរបាន បើយើងគ្មានការអធិស្ឋានទេ។ នេះគឺដោយសារអ្វីដែលព្រះជាម្ចាស់មានបន្ទូលទាមទារឲ្យមានការឆ្លើយតបពីយើង។ ការឆ្លើយតបត្រឹមត្រូវចំពោះការបើកសម្ដែងរបស់ព្រះរួមមាន៖ ការសរសើរ ការទូលសូម ការសារភាព និងការទួញសោកចំពោះព្រះដោយការអធិស្ឋាន។
បេសកកម្មរបស់ 9Marks
តើវាជាអ្វី?
បេសកកម្មគឺជាការដាំក្រុមជំនុំឆ្លងកាត់ឧបសគ្គធំៗ។ ដើម្បីបំពេញវាបន្តិច បេសកកម្មពាក់ព័ន្ធនឹងការដែលក្រុមជំនុំបញ្ជូនបេសកជនដែលមានសមត្ថភាពឆ្លងកាត់ឧបសគ្គភាសា ភូមិសាស្រ្ត ឬវប្បធម៌ ដើម្បីចាប់ផ្តើម ឬក៏ពង្រឹងក្រុមជំនុំ ជាពិសេសនៅកន្លែងដែលគេមិនទាន់បានឮព្រះនាមរបស់ព្រះគ្រីស្ទនៅឡើយ។
តើវានៅឯណាក្នុងគម្ពីរ?
ព្រះគម្ពីរទាំងមូលបានប្រាប់អំពីដំណើររឿងនៃការព្រះជាម្ចាស់បានបង្កើតមនុស្សមួយក្រុមសម្រាប់ទ្រង់ផ្ទាល់ចេញពីអស់អ្នកដែលត្រូវបានធ្លាក់ចូលក្នុងភាពងងឹត និងសេចក្ដីស្លាប់ដោយសារអំពើបាបរបស់លោក អ័ដាម និងអំពើបាបរបស់ខ្លួន។ ព្រះអង្គបានសម្រេចការប្រោសលោះរបស់ប្រជារាស្ត្ររបស់ទ្រង់តាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលជាអង្គដែលព្រះគម្ពីរសញ្ញាចាស់បានទន្ទឹងរង់ចាំ ហើយព្រះគម្ពីរសញ្ញាថ្មីបានប្រារព្ធ។ នេះមានន័យថា ព្រះគម្ពីរទាំងមូលគឺអំពីបេសកកម្ម—បេសកកម្មរបស់ព្រះដើម្បីសង្គ្រោះ។
នៅក្នុងមហាបេសកកម្ម ព្រះយេស៊ូវបានចងក្រុមជំនុំនៅគ្រប់ទីកន្លែងឲ្យបំពេញកិច្ចការនៃការបង្កើតសិស្ស (ម៉ាថាយ ២៨:១៩-២០)។ យើងដឹងថា ក្រុមជំនុំតាមតំបន់គឺជាមធ្យោបាយនៃការបំពេញបេសកកម្មរបស់ព្រះយេស៊ូវ ពីព្រោះ (១) ពួកសាវ័កបានដាំក្រុមជំនុំតាមតំបន់គ្រប់ទីកន្លែងដែលពួកគេបានទៅពាសពេញកណ្ឌគម្ពីរកិច្ចការ ហើយ (២) ព្រះយេស៊ូវបានបង្គាប់ឲ្យអ្នកជឿថ្មីទទួលពិធីបុណ្យជ្រមុជទឹក—ជាពិធីបង្ហូរព្រះគុណដែលជាធម្មតាត្រូវបានប្រទានដល់ក្រុមជំនុំ ជាជាងដល់បុគ្គលណាម្នាក់។
កណ្ឌគម្ពីរកិច្ចការគឺអំពីការដាំ និងការពង្រឹងក្រុមជំនុំ ដើម្បីឲ្យដំណឹងល្អសាយភាយចេញទៅ។ កណ្ឌសំបុត្រនីមួយៗនៃព្រះគម្ពីរសញ្ញាថ្មីក៏បំពេញចំណុចនេះដែរ។
កណ្ឌគម្ពីរ វិវរណៈ ៧:៩ បានធានាថា បេសកកម្មរបស់ព្រះជាម្ចាស់ ដែលព្រះអង្គកំពុងធ្វើការតាមរយៈក្រុមជំនុំរបស់ទ្រង់បច្ចុប្បន្ននឹងទទួលបានជោគជ័យ។ «មនុស្សមួយហ្វូងយ៉ាងធំ» ពីគ្រប់ជាតិសាសន៍នឹងមកជួបទ្រង់ នៅថ្ងៃចុងក្រោយ។
ហេតុអ្វីបានជាវាសំខាន់?
ការធ្វើបេសកកម្មមានសារៈសំខាន់ ពីព្រោះគោលបំណងចម្បងរបស់ព្រះជាម្ចាស់ក្នុងការបង្កើតពិភពលោក គឺតែងតែដើម្បីប្រោសលោះមនុស្សមួយក្រុម តាមរយៈព្រះគ្រីស្ទសម្រាប់សិរីល្អរបស់ទ្រង់ (កូឡូស ១:១៦-២២)។ ព្រះជាម្ចាស់បានត្រាស់ហៅក្រុមជំនុំឲ្យចូលរួមក្នុងបេសកកម្មនេះ។